
អភិបាលខេត្តពោធិ៍សាត់ ជំរុញការលើកកម្ពស់គុណភាពអប់រំ ក្នុងជំនួបពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ជាមួយលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាកាន
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ប្រមាណ ៩០នាក់ នៃវិទ្យាល័យបាកាន នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យបាកាន ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរមតិយោបល់ ស្តាប់នូវស្ថានភាពការងារជាក់ស្តែង ព្រមទាំងបញ្ហាប្រឈមនានាដែលលោកគ្រូ អ្នកគ្រូកំពុងជួបប្រទះ ក្នុងន័យរួមគ្នាសហការស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលះបង់របស់លោកគ្រូ អ្នកគ្រូទាំងអស់ក្នុងការផ្ទេរចំណេះដឹង និងអប់រំពត់ពត់សិស្សានុសិស្ស។ ឯកឧត្តមក៏បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរដែនដី និងស្ថាប័នអប់រំ ក្រោមស្មារតី «រួមគ្នា ដើម្បីគុណភាពអប់រំ និងអនាគតកុមារកម្ពុជា»៕











