
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីរុស្ស៊ី បានថ្លែងថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង។ ខណៈឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-កម្ពុជា ឯកឧត្តមប្រធានាធិបតីក៏បានសម្តែងការស្វាគមន៍សកម្មភាពរួមនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះផងដែរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែផ្តល់អាទិភាពខ្ពស់លើការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា។










